ក្រុម
កីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់កម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតជម្រុះពូល J នៃពានរង្វាន់ AFC U23 Championship ជាមួយនឹងជ័យជម្នះ ១-0 លើហ្វីលីពីន តាមរយៈការស៊ុតបាល់បញ្ចូលទីរបស់ សុក សំណាង នៅវគ្គទីពីរ។
ជោគជ័យនេះ ជាកាដូដ៏រីករាយសម្រាប់ក្រុមអ្នកគាំទ្រ បន្ទាប់ពីកៅអីទៅកាន់វគ្គបន្តបានបាត់បង់ ក្រោយចិនឈ្នះជប៉ុន ២-១ នាការប្រកួតគូដំបូង។ សម្រាប់ការប្រកួតចុងក្រោយនេះ គ្រូបង្វឹកប្រេស៊ីល លោក Leonardo Vitorino បានផ្លាស់ប្តូរជម្រើសដំបូងចំនួន៥នាក់ បើប្រៀបធៀបទៅនឹងជម្រើសនាជំនួបជាមួយជប៉ុនកាលពីថ្ងៃសុក្រ។ សំអឿន ពិដោរ, សឿត បារាំង, ស៊ិន កក្កដា និងសុក សំណាង មានឱកាសបង្ហាញខ្លួនក្នុងជម្រើសដំបូង ខណៈ ប្រាក់ ធីវ៉ា លេងក្នុងទីតាំងចាស់របស់ខ្លួនវិញជំនួស សារី ម៉ាត់ណូរ៉ូទីន។
U23 កម្ពុជា បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើហ្វីលីពីន ប៉ុន្តែពួកគេមិនអាចរកគ្រាប់បញ្ចូលទីបានឡើយនៅក្នុងវគ្គទីមួយ។ អ្នកចាំទីហ្វីលីពីន Ray Joseph Joyel ដែលបានធ្វើឲ្យ សុក សំណាង ដួលក្នុងតំបន់គ្រោះនៅនាទី២៩ បានលុបលាងកំហុសរបស់ខ្លួន តាមរយៈការរារាំង ការស៊ុតប៉េណាល់ទីរបស់ ច្រឹង ពលរដ្ឋ។ ក្រោយបាល់ផ្លាតចេញពីដៃ Joyel ពលរដ្ឋបានទាត់ខុសគោលដៅបន្ថែមទៀត។ នៅវគ្គទីពីរ លោក Leonardo បានផ្លាស់ប្តូរកីឡាករ២រូប ដោយ ស៊ុន វ៉ាន់ដេត ជំនួស អ៊ិន សូដាវីដ រីឯ ស៊ិន កក្កដា ត្រូវបានជំនួសដោយ ជួន ចាន់ចាវ ។ ការប្រកួតដំណើរការបានជិត១ម៉ោង សុក សំណាង បានស៊ុតបាល់បញ្ចូលទីនាំមុខសម្រាប់កម្ពុជា និងគ្រាប់ដំបូងបំផុតសម្រាប់ក្រុមម្ចាស់ផ្ទះ។


U23 ចិន បានបង្ហាញពីមោទកភាពរបស់ខ្លួនក្នុងនាមជាក្រុមលេខ១ក្នុងពូល J បើទោះបីជាពួកគេមានកៅអីរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះជុំចុងក្រោយហើយក៏ដោយ។ ចិនមាន៧ពិន្ទុពីការប្រកួត៣លើក ខណៈជប៉ុនស្ថិតនៅលេខ២ ដោយរង់ចាំមើលលទ្ធផលនៃ៩ពូលផ្សេងទៀត។ U23 កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយមាន៤ពិន្ទុ ដោយស្មើចិន ០-០ ចាញ់ជប៉ុន ២-០ និងឈ្នះ ហ្វីលីពីន ១-០ នៅថ្ងៃអាទិត្យនេះ រីឯហ្វីលីពីន ចាញ់ទាំង៣ប្រកួត។ U23 កម្ពុជា៖ អ៊ុំ សេរីរ័ត្នន៍ (អ្នកចាំទី), សឿយ វិសាល (ប្រធានក្រុម) ឆុំ ពិសា, សំអឿន ពិដោរ, សឿត បារាំង, ហូយ ផល្លីន (ឆេង ម៉េង ៨១), ច្រឹង ពលរដ្ឋ, ស៊ិន កក្កដា (ជួន ចាន់ចាវ ៤៦), សុក សំណាង, អ៊ិន សូដាវីដ (ស៊ុន វ៉ាន់ដេត ៤៦), ប្រាក់ ធីវ៉ា៕