ភ្នំពេញ:ការប្រកួតតេក្វាន់ដូស្ទីWTF (World Taekwondo Federation) ដន្ដើមពានរង្វាន់អគ្គរដ្ឋទូតសាធារណរដ្ឋកូរេប្រចាំនៅកម្ពុជាបានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី២៦កញ្ញា ។
លោកហែម សំណាងអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូបានបញ្ជាក់ថានេះជាការប្រកួតមួយដែលមានចរឹកជាមហោស្រពក្បាច់គុន(Festival) ដើម្បីឲ្យកីឡាករគ្រប់វ័យទាំងអស់ដែលមកពីគ្រប់ទឹសទីក្នុងប្រទេសកម្ពុជាបានជួបគ្នា និងបាននិយាយប្រាប់គ្នាទៅវិញទៅមកពីរឿងរ៉ាវនានាដែលពួកគេបានដឹង ។
នេះជាលើកទី៦ហើយដែលស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បង្កើតឲ្យមានព្រឹត្តិការណ៍នេះឡើង ហើយវាក៏បានក្លាយជាព្រឹត្តិការណ៍ ប្រចាំឆ្នាំដ៏ធំមួយនៅកម្ពុជាដែរ ។ ការប្រកួតនេះមានក្លិបចំនួន២០ ដែលមកពីទូទាំងប្រទេស ចូលរួមប្រកួតហើយ កីឡាករ-កីឡាការិនីមានចំនួនប្រមានជាង៤០០នាក់។
វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៤៤ ដែលក្នុងនោះវិញ្ញាសាសំដែង (មេគុន) មានចំនួន៤០ដែលគិតចាប់ពីប្រភេទអាយុពី៨ទៅ១២ឆ្នាំដែលមានកម្រិតខ្សែក្រវាត់ពីលឿង ដល់ក្រម។ ប្រភេទអាយុចាប់ពី១៦ឆ្នាំឡើងទៅដែលមានកម្រិតខ្សែក្រវាត់ពីលឿងដល់់ក្រហម ។ ក្រៅពីនេះមានវិញ្ញាសាប្រយុទ្ធដែលមាន៣ វិញ្ញាសា និង ការសំដែងស្នៀតមួយវិញ្ញាសា ទៀត ។ Rosa