បទបញ្ជាបច្ចេកទេសកីឡា (កីឡាវាយកូនបាល់)

១០. កីឡាវាយកូនបាល់

១០.១  វិញ្ញាសា

  • វិញ្ញាសាវាយឯកត្តជនបុរស
  • វិញ្ញាសាវាយឯកត្តជននារី
  • វិញ្ញាសាយុវជនក្រោមអាយុ ១៨ឆ្នាំបុរស
  • វិញ្ញាសាវាយគូបុរស
  • ការប្រកួតទូទៅត្រូវប្រើរូបមន្តជម្រុះទៅតាមចំនួនកីឡាករ ឬកីឡាការិនីជាក់ស្ដែង (រូបមន្តជម្រុះមាន ១៦- ៣២-៦៤-១២៨)

១០.២ បទបញ្ជាបច្ចេកទេស

  • ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកប្រចាំឆ្នាំ នឹងត្រូវរៀបចំដោយអនុឡោមតាមបទបញ្ជាទូទៅនៃការប្រកួតវាយកូនបាល់ជ្រើសរើសជើងឯកប្រចាំឆ្នាំ។
  • ការប្រកួតត្រូវអនុវត្តតាមបទបញ្ជាបច្ចេកទេសកីឡាវាយកូនបាល់អន្តរជាតិ ដោយក្នុងមួយសិតមាន ០៦ហ្គេម។ ប្រកួតឈ្នះចាញ់មាន ០៣សិត បើសិនជាឈ្នះមួយសិតម្នាក់ (ស្មើគ្នា) ត្រូវប្រកួតសិទ្ធិទីពីរ បើពិន្ទុហ្គេមទីប្រាំមួយ ស្មើគ្នាត្រូវអនុវត្តលេង Tie Break ០៧ពិន្ទុ ដើម្បីបញ្ចប់សិត ខាងណាបាន 7ពិន្ទុមុន ទើបឈ្នះ។ បើសិន ០៦ពិន្ទុស្មើ ត្រូវលេងអោយឈ្នះនាំមុខគ្នា០២ពិន្ទុ ទើបចាត់ទុកថាឈ្នះ ។
  • កីឡាករឬកីឡាការិនីដែលមានសិទ្ធិចូលរួមប្រកួត ត្រូវមានអាយុចាប់ពី ១៦ឆ្នាំដល់ ៣៥ឆ្នាំ។

១០.៣  បទបញ្ជានៃការប្រកួត

  • រូបមន្តប្រកួតជម្រុះ ឬវិលជុំ គឺអនុវត្តទៅតាមចំនួនកីឡាករ ឬកីឡាការិនីដែលបានដាក់ពាក្យចូលរួម (ប្រសិនបើចំនួនកីឡាករ ឬកីឡាការិនីដែលដាក់ពាក្យចូលរួមមានចំនួនក្រោម ០៨នាក់ នោះការប្រកួតត្រូវប្រើរូបមន្ត ប្រកួតវិលជុំ)។

តារាងសង្ខេបកីឡាករកីឡាការិនីចូលរួមវិញ្ញាសានីមួយៗ

វិញ្ញាសា ចំនួនកីឡាករ កីឡាការិនី
ចំនួនកីឡាករ ចំនួនកីឡាការិនី
ទោល ០២ ០២
គូ ០៤ ០៤
បុរស នារី ០៤ ០៤

 

  • ការប្រកួតចាប់ពីពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អាចមានចៅក្រមខ្សែបន្ទាត់ប្រាំមួយនាក់។
  • ការប្រកួតក្រុមត្រូវលេង ០៣សិត ប្រសិនបើ ក្រុមប្រកួតមានឈ្នះចាញ់ មួយសិតស្មើគ្នា នោះការប្រកួតត្រូវបន្តលេងដល់សិតទីបី ដើម្បីកំណត់ឈ្នះ/ចាញ់ ។
  • ការប្រកួតវាយគូត្រូវលេង ០៣សិត ប្រសិនបើ គូប្រកួតមានឈ្នះចាញ់មួយសិតស្មើគ្នា ការប្រកួតត្រូវលេងSuper Tie Break ដែលមាន ១០ពិន្ទុ ដើម្បីកំណត់ឈ្នះ/ចាញ់។
    • បញ្ជាក់៖ ការប្រកួតជាគូក្នុងហ្គេមនីមួយៗ បើសិនជា 40ស្មើ ត្រូវលេងតែមួយបាល់ឈ្នះ/ចាញ់ ដើម្បីបញ្ចប់ហ្គេម។
  • ប្រសិនបើពេលកំពុងប្រកួត មានភ្លៀងខ្យល់ខ្លាំង ឬងងឹត មិនអាចបន្តការប្រកួតបាន ពិន្ទុ point ត្រូវរក្សាទុកទាំងអស់។
    • បញ្ជាក់៖ ប្រសិនបើភ្លៀង ឬខ្យល់ខ្លាំងនៅពេលព្រឹក ការប្រកួតត្រូវលេងបន្តក្រោយពីភ្លៀងរាំង ៣០នាទី ប៉ុន្តែប្រសិនបើភ្លៀង ឬខ្យល់ខ្លាំងនៅពេលរសៀល ហើយភ្លៀងមិនព្រមរាំងទេ នោះការប្រកួតនឹងត្រូវលើកទៅថ្ងៃបន្ទាប់។

១០.៤  លក្ខខណ្ឌនៃការប្រកួតតាមវិញ្ញាសា

១០.៤.១   វិញ្ញាសាប្រកួតជាក្រុម៖

តាមបណ្ដារាជធានី ខេត្តនីមួយៗត្រូវបញ្ជូនឈ្មោះកីឡាករ ០៤រូប កីឡាការិនី ០៤រូប (ប្រសិនបើមាន) រួមទាំងឈ្មោះគ្រូបង្វឹក ឬប្រធានក្រុម ១រូប ដោយមានតារាងចំណាត់ថ្នាក់ពីលេខ ០១ដល់លេខ ០៤។

  • វិញ្ញាសាវាយក្រុមបុរស ប្រកួតជាឯកត្តជន៖ ការប្រកួតលេងទម្រង់តាមចំណាត់ថ្នាក់លេខ០១ ត្រូវលេងជាមួយលេខ០១ និងចំណាត់ថ្នាក់លេខ០២ ត្រូវលេងជាមួយលេខ០២ ។
  • វិញ្ញាសាវាយក្រុមនារី ប្រកួតជាឯកត្តជន៖ ការប្រកួតលេងទម្រង់តាមចំណាត់ថ្នាក់លេខ០១ ទៅលេងជាមួយលេខ០១ និងលេខ០២ ត្រូវលេងជាមួយលេខ០២ ។
  • វិញ្ញាសាប្រកួតជាគូ៖ គ្រូបង្វឹក ឬប្រធានក្រុមត្រូវបញ្ជូនឈ្មោះកីឡាករកីឡាការិនី ដែលត្រូវប្រកួតជាគូឱ្យទៅគណៈកម្មការរៀបចំការប្រកួត បន្ទាប់ពីការប្រកួតឯកត្តជនទាំង ០២ប្រកួតត្រូវបានបញ្ចប់ ឱ្យបាន ៣០នាទីមុនម៉ោងកំណត់នៃការប្រកួតជាគូដើម្បីយកលទ្ធផលឈ្នះ/ចាញ់។

១០.៤.២     អំពីការឧបត្ថម្ភនិងរង្វាន់

រង្វាន់ជូនដល់ជ័យលាភី លុះត្រាតែមានអ្នកចូលរួមចាប់ពី ០៥នាក់ឡើងទៅ ចំណាត់ថ្នាក់ចាប់ពីលេខ១ ដល់លេខ៣ ទាំងវិញ្ញាសាឯកត្តជន វិញ្ញាសាវាយគូ និងវិញ្ញាសាជាក្រុម។ ចំពោះចំណាត់ក្រុម គឺបូកចំនួនប្រកួត ៣/០ ឬ ២/១ ។ ប្រសិនបើ ២/១ ស្មើ ត្រូវបូកចំនួនហ្គេមដើម្បីរកអ្នកឈ្នះ/ចាញ់។

១០.៤.៣    អំពីការសម្រាកពេលប្រកួតពេលសម្រាកដូរទីលាននិងពេលសម្រាកមានគ្រោះថ្នាក់

  • សម្រាក ៩០វិនាទី ក្នុងចន្លោះពេលបញ្ចប់ហ្គេមមួយទៅហ្គេមមួយទៀត និងធ្វើការប្ដូរទីលានប្ដូរខាង នៅលើហ្គេមសេស។
  • សម្រាក ០២នាទី ក្នុងចន្លោះពេលបញ្ចប់សិតទីមួយ ទៅផ្តើមសិតទីពីរ ។
  • សម្រាក ០២នាទី នៅពេលកីឡាករមានរបួស ឬគ្រោះថ្នាក់ដូចជារមួលក្រពើជាដើម។ ប្រសិនបើកីឡាករមានរបួសធ្ងន់ អាចសម្រាក ០៣នាទី ចំនួន ០២លើក បើសិនជាចូលលើកទីបី គឺកីឡាករនោះនឹងត្រូវអាជ្ញាកណ្ដាលឱ្យពេល ៣០នាទី បើសិនមិនលេង ត្រូវកាត់ពិន្ទុលើកទីមួយ ចំនួន ១៥ពិន្ទុ មិនបន្តលេងបាន ៣០ពិន្ទុដល់ ១ហ្គេម រហូតដល់ចប់សិត។
  • សម្រាក ០២នាទី សម្រាប់ការសម្រាកពីការប្រកួតសិតទី០២ ចូលសិតទី០៣ និងសម្រាក ០២នាទីដូចគ្នា ដើម្បីបញ្ចប់ការប្រកួត។

១០.៤.៤  ការផ្ដល់ដំបូន្មាន

ក្នុងពេលដំណើរការប្រកួតឯកត្តជន មិនអនុញ្ញាតឱ្យគ្រូបង្វឹក ឬកីឡាករកីឡាការិនីណាម្នាក់ចូលផ្ដល់ដំបូន្មានដល់ កីឡាករកីឡាការិនីដែលកំពុងធ្វើការប្រកួតឡើយ មានតែការប្រកួតជាក្រុមទេដែលអាចឱ្យគ្រូបង្វឹក ឬប្រធានក្រុមម្នាក់ ចូលក្នុងទីលានដើម្បីជំនួយបច្ចេកទេសដល់កីឡាករក្រុមរបស់ខ្លួនបាន។ នៅក្នុងទីលានប្រកួតមិនអនុញ្ញាតឱ្យកីឡាករ ឬកីឡាការនី បងប្អូនញាត្តិមិត្ត ចូលទៅណែនាំកីឡាករក្នុងកំឡុងពេលប្រកួតឡើយ មានតែអាជ្ញាកណ្ដាលប៉ុណ្ណោះដែលជាអ្នកកាត់ក្តីការប្រកួត។ កីឡាករ ឬកីឡាការិនីណា ដែលមិនគោរពអាជ្ញាកណ្ដាល ដោយប្រើអាកប្បកិរិយាមិនសមរម្យ នោះអាជ្ញាកណ្ដាលអាចមានសិទ្ធិពិន័យដូចជា លើកទីមួយ ដោយការកាត់ពិន្ទុ លើកទីពីរ ដោយការព្រមានតាមបច្ចេកទេស និងលើកទីបី គឺអាចបណ្ដេញចេញមិនឱ្យប្រកួត។

វិន័យក្នុងការរៀបចំការប្រកួត

  • កីឡាករ ឬកីឡាការិនី ត្រូវមានវត្តមាននៅទីតាំងប្រកួត តាមកាលបរិច្ឆេទកំណត់របស់គណៈកម្មការរៀបចំការប្រកួត។
  • គ្រូបង្វឹក ឬប្រធានរាជធានី ខេត្ត ត្រូវបញ្ជូនឈ្មោះកីឡាករកីឡាការិនីដែលប្រកួតក្រុមឱ្យទៅគណៈកម្មការរៀបចំការប្រកួតឱ្យបាន ៣០នាទី មុនម៉ោងដែលបានកំណត់។
  • កីឡាករ ឬកីឡាការិនីទាំងអស់ ត្រូវមានសីលធម៌សមរម្យ សាមគ្គីភាពល្អរវាងកីឡាករដូចគ្នា អាជ្ញាកណ្ដាល និងភ្ញៀវកិត្តិយស ដែលបានចូលរួមអបអរសាទរការប្រកួត។
  • កីឡាករ ឬកីឡាការិនី ត្រូវប្រកាន់ភ្ជាប់នូវបទបញ្ជាការប្រកួត បច្ចេកទេសអន្តរជាតិ និងសំលៀកបំពាក់ឱ្យបានសមរម្យជាកីឡាករវាយកូនបាល់។
  • គ្រូបង្វឹកនិងកីឡាករ ត្រូវតាមដានមើលតារាងកម្មវិធីនៃការប្រកួតដោយខ្លួនឯងជាប់ជានិច្ច បើកីឡាករ ឬកីឡាការិនីរូបណា មកយឺតក្រោយពីគណៈកម្មការរៀបចំការប្រកួតបានប្រកាសរយៈពេល ១៥នាទី ត្រូវចាត់ទុកថាអវត្តមានដោយគ្មានមូលហេតុ គណៈកម្មការចាត់ទុកថាកីឡាករ ឬកីឡាការិនីនោះ បានបោះបង់ការប្រកួត និងចាញ់ជាស្វ័យប្រវត្តិដោយគ្មានសិទ្ធិតវ៉ាឡើយ។
  • ក្នុងករណីមានឧបសគ្គកើតឡើងជាយថាហេតុ មិនអាចឱ្យគណៈកម្មការរៀបចំដំណើរការប្រកួតបានដូចជា មានភ្លៀងខ្លាំង ខ្យល់ខ្លាំង ឬដាច់ចរន្តអគ្គិសនី កីឡាករកីឡាការិនីទាំងអស់ ត្រូវរង់ចាំស្ដាប់លទ្ធផលនៃសេចក្តីសម្រេចផ្សេងៗរបស់គណៈកម្មការរៀបចំការប្រកួត។
  • បើសិនជាគ្រូបង្វឹក ឬកីឡាករណាមួយ មិនគោរពតាមបទបញ្ជា របស់គណៈកម្មការរៀបចំការប្រកួត ដូចមានចែងខាងលើនោះទេ គណៈកម្មការរៀបចំការប្រកួតនឹងមានវិធានការដូចតទៅ៖
  • ធ្វើការណែនាំ
  • ធ្វើការព្រមានតាមលក្ខណៈបច្ចេកទេស គឺ ដក ០២ពិន្ទុ
  • ត្រូវបញ្ឈប់ មិនឱ្យចូលរួមប្រកួតបន្តទៀត
  • ធ្វើការណែនាំដល់សមាគម និងក្លឹបជាច្បាប់រដ្ឋបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា

បទបញ្ជាអាជ្ញាកណ្ដាលនិងចៅក្រម៖

  • អាជ្ញាកណ្ដាល និងចៅក្រមត្រូវកាត់ក្តីក្នុងការប្រកួតឱ្យបានសុក្រិតបំផុត
  • អាជ្ញាកណ្ដាល និងចៅក្រមត្រូវទទួលភារកិច្ចការងារពេលម៉ោងប្រកួតឱ្យបានទៀងទាត់ជានិច្ច
  • អាជ្ញាកណ្ដាល និងចៅក្រម ក្នុងករណីមានបញ្ហាអ្វីមួយក្នុងពេលប្រកួត ដែលសម្រេចកាត់ក្តីមិនបាន ត្រូវប្រញាប់រាយការណ៍មកគណៈកម្មការរៀបចំការប្រកួតជាបន្ទាន់ ដើម្បីធ្វើការដោះស្រាយ។
  • អាជ្ញាកណ្ដាល និងចៅក្រមរូបណា ដែលមិនគោរពបទបញ្ជា ឬពេលម៉ោងការងារប្រកួតនោះទេ នឹងត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះការងាររបស់សហព័ន្ធ ក្រសួង ឬថ្នាក់ដឹកនាំ។
  • ប្រសិនបើអាជ្ញាកណ្ដាល ឬចៅក្រមរូបណា កាត់សេចក្តី ដោយមានភាពលម្អៀង ឬយុត្តិធម៌ ដល់ក្រុមម្ខាងទៀត ត្រូវតែទទួលពិន័យ ដោយផ្អាកមិនឱ្យធ្វើអាជ្ញាកណ្ដាល ឬចៅក្រមរយៈពេល ០២ឆ្នាំ។

១០.៥  ការតវ៉ា

រាល់ការតវ៉ា ត្រូវសរសេរពាក្យតវ៉ាជាលាយលក្ខណ៍អក្សរ ដោយមានចុះហត្ថលេខាអ្នកចាត់ការក្រុម ឬគ្រូបង្វឹក នឹងភ្ជាប់មកជាមួយនូវទឹកប្រាក់ចំនួន ១០០,០០០រៀល (ដប់ម៉ឺនរៀល) សម្រាប់សិទ្ធិតវ៉ារួចបញ្ជូនមកគណៈកម្មការរៀបចំការប្រកួតកីឡាវាយកូនបាល់ មិនឱ្យលើសពី ៣០នាទី ក្រោយពីមានបញ្ហាកើតឡើង។ គណៈកម្មការរៀបចំការប្រកួតត្រូវ ធ្វើការឆ្លើយតបវិញក្នុងរយៈពេលមិនអោយលើសពី ៦០នាទី បន្ទាប់ពីទទួលការបានលិខិតតវ៉ា។

១០.៦  បញ្ហាផ្សេងៗ

រាល់បញ្ហាទាំងឡាយណា ដែលពុំបានចែងនៅក្នុងបទបញ្ជាទូទៅ និងបទបញ្ជាប្រកួតកីឡាវាយកូនបាល់ គឺត្រូវអនុវត្តទៅតាមបទបញ្ជាបច្ចេកទេសរបស់សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិចុងក្រោយបំផុត។

មហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (មើលផែនទី)

ព័ត៌មាន និងបច្ចុប្បន្នភាពពហុកីឡដ្ឋាន

តាមដានព័ត៌មានកីឡា អត្ថបទ និងអត្ថប្រយោជន៍ពីពហុកីឡដ្ឋាន។

បណ្ដាញសង្គម ពហុកីឡដ្ឋានជាតិ
បណ្ដាញសង្គម

© 2024 ពហុកីឡដ្ឋានជាតិ NATIONAL SPORTS COMPLEX.