
១២. កីឡាហែលទឹក
១២.១ វិញ្ញាសា
ផ្នែកបុរស
(អាយុ១២ឆ្នាំឡើង) |
ហែលរបៀបសេរី |
៥០ម៉ែត្រ ១០០ម៉ែត្រ ២០០ម៉ែត្រ |
ហែលរបៀបកង្កែប |
៥០ម៉ែត្រ ១០០ម៉ែត្រ |
ហែលរបៀបផ្ងារ |
៥០ម៉ែត្រ ១០០ម៉ែត្រ |
ហែលរបៀបមេអំបៅ |
៥០ម៉ែត្រ ១០០ម៉ែត្រ |
ហែល០៤របៀប ឯកត្តជន |
២០០ម៉ែត្រ |
ហែលបណ្តាក់០៤របៀប |
១០០ម៉ែត្រ ៤ដង |
ផ្នែកនារី
(អាយុ១០ឆ្នាំឡើង) |
ហែលរបៀបសេរី |
៥០ម៉ែត្រ ១០០ម៉ែត្រ ២០០ម៉ែត្រ |
ហែលរបៀបកង្កែប |
៥០ម៉ែត្រ ១០០ម៉ែត្រ |
ហែលរបៀបផ្ងារ |
៥០ម៉ែត្រ ១០០ម៉ែត្រ |
ហែលរបៀបមេអំបៅ |
៥០ម៉ែត្រ ១០០ម៉ែត្រ |
ហែល០៤របៀប ឯកត្តជន |
២០០ម៉ែត្រ |
ហែលបណ្តាក់០៤របៀប |
១០០ម៉ែត្រ ៤ដង |
ចំពោះវិញ្ញាសាហែលបណ្តាក់ ក្រុមកីឡាករ ឬកីឡាការិនីក្នុងមួយក្រុម ត្រូវមានសមាជិកជិតចំនួន ០៤នាក់។
ចំពោះគ្រប់វិញ្ញាសាទាំងអស់ កីឡាករឬកីឡាការិនី ដែលបានចុះឈ្មោះក្នុងបញ្ជីនៃការប្រកួត ដែលមានសមាជិកតិចជាង ០៤នាក់នោះ នឹងមិនអនុញ្ញាតឱ្យចុះឈ្មោះប្រកួតឡើយ។ ចំនួនប្រតិភូគ្រូបង្វឹក និងមន្ត្រីចូលរួម ត្រូវមានចំនួន ៣០ភាគរយនៃកីឡាករកីឡាការិនីដែលចូលរួម។
លក្ខ័ណ្ឌនៃការចូលរួមប្រកួតរបស់កីឡាករកីឡាការិនី ប្រតិភូ គ្រូបង្វឹក រួមមាន៖
- មានកាយសម្បទា និងសុខភាពល្អ
- កីឡាករកីឡាការិនីត្រូវមានសញ្ជាតិខ្មែរ
- ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ
- កីឡាករកីឡាការិនីអាចមានសិទ្ធិចូលរួមប្រកួតច្រើនបំផុត ០៤វិញ្ញាសា
- កីឡាករកីឡាការិនី គ្រូបង្វឹក ប្រតិភូ ចុះបញ្ជីចូលរួមបានតែមួយវិញ្ញាសាតែប៉ុណ្ណោះ។
១២.២ បទបញ្ជាការប្រកួត (COMPETITION REFULATION)
របៀបនៃការចេញដំណើរ
- ការចេញដំណើរនៅក្នុងទឹកមាន ០២វិញ្ញាសា
- ការហែលរបៀបផ្ងារ
- ការហែលបណ្ដាក់ ០៤របៀប
- ការចេញដំណើរនៅលើគោកមាន ០៥វិញ្ញាសា
- ការហែលរបៀបសេរី
- ការហែលរបៀបកង្កែប
- ការហែលរបៀបមេអំបៅ
- ការហែលរបៀបឯកត្តជន
- ការហែលរបៀបបណ្ដាក់សេរី
អំពីកំហុសក្នុងការចេញដំណើរ
- បើសិនកីឡាករឬកីឡាការីនី លោតចេញដំណើរមុន ឬធ្លាក់ចូលទឹកមុនការផ្ដើមឱ្យសញ្ញា នោះចាត់ទុកថាជាកំហុស ហើយមិនបានអនុញ្ញាតឱ្យបន្តការហែលជាលើកទីពីរនោះទេ។
- កីឡាករឬកីឡាការិនី ពុំអាចគោះជើងនៅក្នុងទឹកលើសពីចំងាយ ១៥ម៉ែត្របានទេ ចំពោះការចេញដំណើរក្នុងការហែលរបៀបសេរី កង្កែប ផ្ងារ មេអំបៅ បណ្តាក់ និង ០៤របៀបឯកត្តជន។
- កីឡាករកីឡាការិនី ពុំអាចគោះជើងហែលរបៀបមេអំបៅ លើសពី ០១ដងបានទេ ចំពោះការចេញក្នុងការហែលរបៀបកង្កែប។
អំពីការបត់ ឬការមកដល់ទីបញ្ចប់
- នៅក្នុងការបត់ ឬការមកដល់ទីបញ្ចប់ ចំពោះវិញ្ញាសាហែលរបៀបសេរី និងរបៀបផ្ងារ កីឡាករឬកីឡាការិនីទាំងអស់ត្រូវប៉ះជញ្ជាំងដោយផ្នែកណាមួយក៏បាននៃដងខ្លួនជាមុនសិន ទើបចាត់ទុកថាការបត់ ឬការមកដល់ទីបញ្ចប់បានធ្វើឡើងដោយត្រឹមត្រូវតាមបទបញ្ញាបច្ចេកទេស។
- នៅក្នុងការបត់ ឬការមកដល់ទីបញ្ចប់ ការហែលរបៀបកង្កែប និងរបៀបមេអំបៅ កីឡាករ ឬកីឡាការិនីទាំងអស់ត្រូវប៉ះជញ្ជាំងដោយដៃទាំងពីរជាមុនសិន ទើបចាត់ទុកថាការបត់ ឬការមកដល់ទីបញ្ចប់តាមបទបញ្ជាបច្ចេកទេស។
អំពីរបៀបហែល ០៤របៀបឯកត្តជន និងរបៀបហែលបណ្ដាក់
- វិញ្ញាសាហែល ០៤របៀបឯកត្តជន កីឡាករ ឬកីឡាការិនីទាំងអស់ ត្រូវហែលទៅតាមលំដាប់បច្ចេកទេសគឺត្រូវចាប់ផ្ដើមហើយរបៀបមេអំបៅ ផ្ងារ កង្កែប និងចុងក្រោយហែលរបៀបសេរី។
- កីឡាករ ឬកីឡាការិនីក្នុងក្រុមទាំងអស់ត្រូវហែលទៅតាមលំដាប់បច្ចេកទេស គឺហែលរបៀបសេរី។ ពេលមិត្តរួមក្រុមហែលមកដល់ទីប៉ះជញ្ជាំង ទើបកីឡាករ ឬកីឡាការិនីបន្ទាប់ មានសិទ្ធិចាប់ផ្ដើមចេញដំណើរបាន។
- វិញ្ញាសាហែលបណ្ដាក់ ០៤របៀប កីឡាករ ឬកីឡាការិនីក្នុងក្រុមទាំងអស់ ត្រូវហែលទៅតាមលំដាប់បច្ចេកទេស គឺត្រូវចាប់ផ្ដើមដំបូង ហែលរបៀបផ្ងារ របៀបកង្កែប របៀបមេអំបៅនិងចុងក្រោយហែលរបៀបសេរីគ្រប់ បច្ចេកទេសនីមួយៗនៅពេលដែលមិត្តរួមក្រុមហែលមកដល់ទីប៉ះជញ្ជាំង ទើបកីឡាករ ឬកីឡាការិនីបន្ទាប់ មានសិទ្ធិចាប់ផ្ដើមចេញដំណើរបាន។
១២.៣ ការផ្លាស់ប្ដូរកីឡាករកីឡាការិនី
- កីឡាករ ឬកីឡាការិនីដែលអាចសុំប្ដូរបានលុះត្រាតែជាកីឡាករ ឬកីឡាការិនីមានឈ្មោះក្នុងបញ្ជីរាយនាមរបស់ ក្រសួង មន្ទីរ រាជធានីដែលបានដាក់ពាក្យសុំចូលរួមប្រកួត។
- កីឡាករ ឬកីឡាការិនីដែលអាចសុំប្ដូរបាន លុះត្រាតែប្រតិភូ ឬគ្រូបង្វឹក បានសរសេរជាលាយលក្ខណ៍អក្សរ ដោយមានចុះហត្ថលេខាត្រឹមត្រូវ រួចបញ្ជូនទៅឱ្យប្រធានលេខាតុ រយៈពេល ៣០នាទីមុនពេលចាប់ផ្ដើមប្រកួតលើវិញ្ញាសានីមួយៗ ក្នុងថ្ងៃនីមួយៗ។
១២.៤ ការកំណត់ចំណាត់ថ្នាក់និងបំពាក់មេដាយ
- កីឡាករ ឬកីឡាការិនីត្រូវបានចាត់ទុកជាអ្នកជាប់ចំណាត់ថ្នាក់ លុះត្រាតែជាកីឡាករ ឬកីឡាការិនីដែលហែលក្នុងថេរវេលាតិចជាងគេ បន្តបន្ទាប់គ្នាពីចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ ក្នុងវិញ្ញាសានីមួយៗ។
- ចំពោះក្រុមហែលបន្ដាក់ ត្រូវបានចាត់ទុកជាក្រុមជាប់ចំណាត់ថ្នាក់ លុះត្រាតែក្រុមមួយនោះហែលក្នុងថេរវេលាតិចជាងគេ បន្តបន្ទាប់គ្នា ពីចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ ក្នុងវិញ្ញាសារនីមួយៗ។
- ពិធីបំពាក់មេដាយ នឹងត្រូវធ្វើឡើងក្រោយការប្រកួតចប់ នៅក្នុងថ្ងៃនីមួយៗ។
- កីឡាករ ឬកីឡាការិនី ត្រូវមានសំលៀកបំពាក់សមរម្យដែលជាឯកសណ្ឋានផ្លូវការ ដែលតំណាងឱ្យក្រសួង មន្ទីរ រាជធានី ក្លឹប ឬសមាគមរបស់ខ្លួន។
១២.៥ ការតវ៉ា
- រាល់ការតវ៉ាត្រូវសរសេរជាលាយលក្ខណ៍អក្សរ ដោយមានចុះហត្ថលេខា របស់អ្នកដឹកនាំក្រុម ឬគ្រូបង្វឹក នឹងមានភ្ជាប់ជាមួយនូវទឹកប្រាក់ជាសិទ្ធិតវ៉ាចំនួន ១០០,០០០ រៀល (១០ម៉ឺនរៀល) ជូនមកគណៈកម្មការរៀបចំការប្រកួត មិនឱ្យលើសពី ៣០នាទីក្រោយពីមានបញ្ហាកើតឡើង។ គណៈកម្មការនឹងធ្វើការឆ្លើយតបវិញក្នុងរយៈពេលមិនអោយលើសពី ៦០នាទីបន្ទាប់ពីទទួលបានលិខិត។ ក្នុងករណីការតវ៉ាមិនមានប្រសិទ្ធភាព នោះគណៈកម្មការបច្ចេកទេសនឹងមិនបង្វិលថវិកាជូនវិញឡើយ។
- បើសិនកីឡាករ ឬកីឡាការិនីរបស់ក្រសួង មន្ទីរ រាជធានី ខេត្ត ក្លឹប ឬសមាគមដែលបានចុះឈ្មោះប្រកួតរួចហើយ មិនព្រមចូលរួមប្រកួត ឬអវត្តមានដោយមិនមានផ្ដល់ដំណឹងមក គណៈកម្មការរៀបចំការប្រកួតជាមុននោះ ក្រសួង មន្ទីរ រាជធានី ខេត្ត ក្លឹប ឬសមាគមនោះ នឹងត្រូវពិន័យជាទឹកប្រាក់ចំនួន ១០០,០០០ រៀល (១០ម៉ឺនរៀល) ចំពោះកីឡាករ ឬកីឡាការនីដែលអវត្តមានក្នុងមួយនាក់។
- រាល់ការសម្រេចរបស់គណៈកម្មការបច្ចេកទេសរៀបចំការប្រកួតជាការសម្រេចចុងក្រោយគ្មានឧទ្ទរណ៍ ។